អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកអវត្តមានរបស់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមិនហ៊ានចូលទៅជជែកទល់មុខ ដោយសារការលើកឡើងកន្លងទៅខ្វះមូលដ្ឋានច្បាប់ ខណៈគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា គ្មានភាពចាំបាច់ទៅចូលរួមស្ដាប់ដោយសារយន្តការរបស់ក្រសួងដើរបញ្ច្រាសទិស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះថា ទាំងអ្នកវិភាគផង អ្នកអត្ថាធិប្បាយ និងអ្នកដាក់ញត្តិផង បាននាំគ្នារិះគន់គ្រប់បែបយ៉ាងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ុន្តែនៅពេលដែលក្រសួងយុត្តិធម៌អញ្ជើញឱ្យចូលមកជជែកតទល់គ្នាដោយផ្ទាល់ និងបើកចំហរកតម្លាភាពជាសាធារណៈ បែរជាពួកគេមិនមកចូលរួមទៅវិញ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានអញ្ជើញគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលមានបំណងជួបជាមួយខ្លួន ដើម្បីពិភាក្សាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ និងទី៤ ខែសីហា សប្តាហ៍នេះ ប៉ុន្តែមិនមានគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលណាមួយបានប្រកាសទទួលយកការអញ្ជើញនេះនៅឡើយទេរហូតមកដល់ពេលនេះ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ជំទាស់ទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលកំពុងដំណើរការនៅពេលនេះ ដោយលើកឡើងថាជាការកែប្រែដែលប្រាសចាកពីផលប្រយោជន៍ជាតិ។
ជុំវិញការចេញលិខិតអញ្ជើញឱ្យចូលរួមពិភាក្សានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងកាលពីថ្ងៃទី៣០ ខែកក្កដា នេះថា ជំនួបពិភាក្សាដើម្បីទទួលការពន្យល់បកស្រាយបំភ្លឺជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ក្រោយរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញសម្រាប់ធ្វើវិសោធនកម្មនេះ គឺគ្មានន័យខ្លឹមសារអ្វីនោះទេ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា រដ្ឋាភិបាលគួរតែដាក់ផ្សព្វផ្សាយពីសេចក្តីព្រាងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះជូនប្រជារាស្ត្រពិភាក្សា ផ្តល់មតិមុននឹងរដ្ឋសភាអនុម័ត ទើបជារឿងត្រឹមត្រូវ។
ដោយឡែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានលើកឡើងផងដែរថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលដែលមនុស្សគ្រប់រូបត្រូវតែគោរព ហើយកម្ពុជាជាប្រទេសរបស់ពលរដ្ឋទាំងអស់គ្នា មិនមែនជាប្រទេសរបស់បក្សណាមួយ ឬក្រុមណាមួយនោះទេ ដូច្នេះបើចង់កែចំណុចណាមួយនៃច្បាប់នេះ គួរតែស្តាប់មតិយោបល់របស់ពលរដ្ឋជាមុនសិន មុននឹងច្បាប់នេះត្រូវបានអនុម័ត មិនមែននាំគ្នាអនុម័តរួចហើយ ទើបហៅប្រជាពលរដ្ឋឱ្យទៅស្តាប់ការបកស្រាយរបស់ខ្លួនបែបនេះទេ។
ចំណែកអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានលើកឡើងថា ការកោះអញ្ជើញរបស់ក្រសួងយុត្តិធម៌ ឱ្យចូលទៅអង្គុយស្ដាប់ គឺមិនមានភាពចាំបាច់សម្រាប់គណបក្សនេះទៅចូលរួមទេ ដោយថាវិធាននេះមិនបានជំរុញគោលការណ៍ប្រជាធិបតេយ្យទេ។ លោកបញ្ជាក់ថា ការធ្វើច្បាប់ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញជារឿងជាតិទាំងមូល ដែលទាមទារឱ្យមានការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធដទៃទៀតក្រៅពីរដ្ឋាភិបាល មុនដាក់ជូនទៅរដ្ឋសភាអនុម័ត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងថា អង្គការសង្គមស៊ីវិលគ្មានភាពចាំបាច់ដើម្បីទៅចូលរួមស្ដាប់ការពន្យល់បន្ថែមទៀតពីក្រសួងយុត្តិធម៌នោះទេ ពីព្រោះរដ្ឋសភាអនុម័តរួចទៅហើយ។ លោកថា នេះគឺជាយន្តការរបស់ក្រសួងដើរបញ្ច្រាសទិសដែលមិនខុសអីពីកូនកើតមុនឪនោះទេ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភាឯកបក្សកម្ពុជា បានអនុម័តយល់ព្រមលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលយល់ព្រមលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ៕
https://www.cambodiadaily.com/2022/08/03/15/22/63852/?feed_id=621
ពលរដ្ឋ ៧រូប តំណាងឲ្យពលរដ្ឋ ២៥០គ្រួសាររស់នៅជាប់បឹងតាមោក បានចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» បន្ទាប់ពីពួកគេបានចេញតវ៉ាទាមទារឱ្យមានដំណោះស្រាយបញ្ហាដីធ្លី។
តំណាងប្រជាពលរដ្ឋ ២រូបក្នុងចំណោមតំណាងទាំង ៧នាក់ដែលបានរងនូវបណ្តឹង គឺអ្នកស្រី ប្រាក់ សុភា និងអ្នកស្រី ផន សុខុម បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះថា ការកោះហៅតំណាងពលរដ្ឋឱ្យទៅបំភ្លឺនេះ គឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ ព្រោះថាពួកគាត់គ្រាន់តែតវ៉ាទាមទារឱ្យមានដំណោះស្រាយដីធ្លីសម្រាប់ពលរដ្ឋចំនួន ២៥០គ្រួសារ និងការពារផ្ទះសម្បែងដែលខ្លួនធ្លាប់រស់នៅ បែរជាត្រូវជាប់បណ្ដឹងនៅតុលាការទៅវិញ។
អ្នកស្រី ផន សុខុម បានអះអាងថា កន្លងមកអាជ្ញាធរបានចុះរុះរើផ្ទះរបស់ពលរដ្ឋជាប្រចាំ ប៉ុន្តែពួកគេដែលជាតំណាងពលរដ្ឋទាំង ៧រូប រួមទាំងអាជ្ញាធរមូលដ្ឋានផង បាននាំគ្នាអង្វរករសុំឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលបានចុះរុះរើទាំងនោះបញ្ឈប់ការរុះរើ ហើយជួយផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់កាន់កាប់ដោយស្របច្បាប់វិញ ព្រោះថាពលរដ្ឋទាំង ២៥០គ្រួសារបានរស់នៅលើដីនេះអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរនៅតែបដិសេធ និងបន្តរុះរើដដែល។
តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ដើមហេតុនៃការប្តឹងផ្តល់នេះ គឺបានកើតឡើងបន្ទាប់ពីតំណាងពលរដ្ឋទៅស្នើសុំលិខិតកាន់កាប់ដីធ្លីពីរដ្ឋបាលខណ្ឌព្រែកព្នៅ ប៉ុន្តែអភិបាលខណ្ឌ លោក សុខ សម្បត្តិ បញ្ជាក់ថា បើតំណាងពលរដ្ឋទាំងនោះយល់ព្រមឱ្យអាជ្ញាធរខណ្ឌរុះរើផ្ទះពលរដ្ឋចំនួន ៣គ្រួសារដែលនៅតំបន់នោះ ទើបអាជ្ញាធរខណ្ឌចេញលិខិតកាន់កាប់ជូន ប៉ុន្តែសំណើនេះត្រូវបានពួកគេបដិសេធចោលទាំងស្រុង រហូតមកក៏មានការដាក់កម្លាំងចុះរុះរើផ្ទះពលរដ្ឋ និងមានការតវ៉ាពីពលរដ្ឋរហូតឈានដល់ការប្ដឹងផ្តល់នេះតែម្តង។
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅតំណាងពលរដ្ឋចំនួន ៧នាក់ រួមមានអ្នកស្រី ប្រាក់ សុភា អ្នកស្រី ខេន សាអយ និងអ្នកស្រី ផន សុខុម ជាដើម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឱ្យចូលទៅបំភ្លឺចំពោះតុលាការ នៅថ្ងៃទី២ ទី៣ ទី៤ និងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ទៅតាមបណ្ដឹងរបស់ប្រធានសន្តិសុខខណ្ឌព្រែកព្នៅ លោក មាស សម្បូរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់ The Cambodia Daily នៅថ្ងៃទី២ សីហា នេះថា ការចេញមុខប្តឹងរបស់អាជ្ញាធរទៅកាន់ពលរដ្ឋដែលតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ពួកគាត់ ក្នុងចេតនាដើម្បីកុំឱ្យពួកគាត់ធ្វើការទាមទារបន្តទៀត ដែលវាជារូបភាពនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋ ដែលត្រូវទទួលបានសិទ្ធិកាន់កាប់ដីធ្លីក្នុងការរស់នៅដោយស្របច្បាប់។
លោកអំពាវនាវឱ្យរដ្ឋាភិបាល ចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋទាំង ២៥០គ្រួសារដែលបានតាំងទីលំនៅជាប់បឹងតាមោកអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ឱ្យពួកគេមានសិទ្ធិរស់នៅដោយស្របច្បាប់ ដើម្បីចៀសវាងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរបន្តទៀត ព្រោះរដ្ឋាភិបាលក៏ធ្លាប់បានចេញអនុក្រឹត្យកាត់ផ្ទៃដីតំបន់នោះឱ្យក្រុមហ៊ុនអស់ជាច្រើននាពេលកន្លងមក ទាំងដែលម្ចាស់ក្រុមហ៊ុននោះមិនបានទៅរស់នៅក្នុងតំបន់បឹងតាមោកនេះផងនោះ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីលោក មាស សម្បូរ ដែលពលរដ្ឋអះអាងថាជាប្រធានសន្តិសុខខណ្ឌព្រែកព្នៅ បានទេរហូតដល់ម៉ោងចេញផ្សាយនេះ៕
https://www.cambodiadaily.com/2022/08/03/15/04/63849/?feed_id=619
អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃជាថ្មីម្តងទៀត ឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងចាត់វិធានការទៅលើក្រុមផ្តល់ប្រាក់កម្ចីអនឡាញ និងជំរិតទារប្រាក់ខុសច្បាប់ដែលកំពុងដាក់សម្ពាធទៅលើស្ត្រីខ្មែរជាកូនបំណុលតាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។
ការស្នើរបស់អង្គការលីកាដូ ធ្វើឡើងក្នុងសេចក្ដីប្រកាសមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រោមចំណងជើងថា «ត្រូវក្លាហាននិយាយពីប្រាក់កម្ចីអនឡាញ និងការជំរិតទារប្រាក់ខុសច្បាប់»។
លីកាដូបានលើកឡើងថា បណ្ដាញកម្ចីប្រាក់អនឡាញកំពុងដាក់គោលដៅលើស្ត្រីខ្មែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម (Telegram) ដោយទាញអ្នកទាំងនោះឲ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។
ប្រភពបន្ថែមថា រឿងនេះកើតឡើងក្រោយពីស្ត្រីទាំងនោះបានទទួលកម្ចីតូចៗពីដំបូងដែលប្រឈមនឹងអត្រាការប្រាក់ដ៏ខ្ពស់ និងភាពមិនច្បាស់លាស់នៃលក្ខខណ្ឌកម្ចីដែលនាំឲ្យមានការកើនឡើងបន្ទុកបំណុល។
ក្រោយពីកើនបន្ទុកហើយ បន្ទាប់មកអ្នកផ្ដល់ប្រាក់កម្ចីថ្មីបានចាប់ផ្ដើមទាក់ទងទៅកាន់ជនរងគ្រោះតាមរយៈកម្មវិធីតេឡេក្រាម ដើម្បីស្នើផ្ដល់កម្ចីថ្មីទៀត។ ក្រោយពីផ្ដល់កម្ចីហើយ ក្រុមទាំងនេះក៏បានចាប់ផ្ដើមទាក់ទងឥតឈប់ឈរទៅមិត្តភក្ដិ និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីដាក់សម្ពាធឲ្យមានការបង់សង។
សេចក្ដីប្រកាសដដែលបញ្ជាក់ថា នៅពេលជនរងគ្រោះរងសម្ពាធធ្ងន់ធ្ងរ ក៏មានក្រុមថ្មីមួយទៀតឈ្មោះថា Loanly បានស្នើផ្ដល់កម្ចីក្នុងទំហំធំមួយ ឬគ្រប់គ្រាន់សម្រាប់ស្ត្រីម្នាក់ៗយកទៅសងបំណុលតូចៗទាំងនោះ ប៉ុន្តែជាដំបូង ទាមទារឲ្យស្ត្រីដែលជាអ្នកខ្ចីប្រាក់ ត្រូវផ្ញើឲ្យរូបភាព ឬវីដេអូអាក្រាតរបស់ខ្លួនតាមរយៈកម្មវិធីតេឡេក្រាម ដោយភ្ជាប់ជាមួយទីតាំង និងឯកសារសម្គាល់ខ្លួន។
ដោយជាប់ក្នុងអន្ទាក់ និងរងការបៀតបៀនពីអ្នកផ្ដល់ប្រាក់កម្ចីតូចៗ ស្ត្រីទាំងនោះបានយល់ព្រមស្នើសុំកម្ចី និងទាញយកកម្មវិធី Loanly ដែលអាចឲ្យក្រុមហ៊ុនចូលមើលបញ្ជីទំនាក់ទំនងនៅក្នុងទូរស័ព្ទរបស់ជនរងគ្រោះបាន ក្នុងនោះស្ត្រីម្នាក់ៗបានទទួលប្រាក់តែប៉ុន្មានរយដុល្លារប៉ុណ្ណោះតាមរយៈសេវាផ្ទេរប្រាក់អ៊ីម៉ាន់នី (eMoney) គឺតិចជាងចំនួនដែលបានសន្យា ពីព្រោះក្រុមហ៊ុន Loanly អះអាងថា ចំណែកផ្សេងទៀតនៃប្រាក់កម្ចីត្រូវបានកាត់ជាថ្លៃសេវា។
លីកាដូ ឲ្យដឹងថា ក្រុមហ៊ុន Loanly បានចាប់ផ្ដើមយុទ្ធនាការយ៉ាងអាក្រក់ក្នុងការដាក់សម្ពាធឲ្យស្ត្រីបង់សង ដោយក្រុមហ៊ុនគំរាមបញ្ចេញរូបភាព និងវីដេអូអាក្រាតទាំងនោះនៅលើអ៊ីនធឺណិត ឬថាពួកគេទៅជិតដល់ផ្ទះរបស់ជនរងគ្រោះ ឬទូរស័ព្ទឥតឈប់ឈរទៅកាន់ជនរងគ្រោះ គ្រួសារ មិត្តភក្ដិ និងសហការីរបស់អ្នកទាំងនោះ ដោយប្រើប្រាស់លេខទូរស័ព្ទប្លែកៗជាច្រើន ឬបង្ហោះជាសាធារណៈនៃរូបភាពគ្រួសាររបស់ជនរងគ្រោះនៅលើហ្វេសប៊ុក។
បើតាមការសម្ភាសរបស់អង្គការលីកាដូ ទៅលើស្ត្រីជនរងគ្រោះឈ្មោះ សុខ ខឿន បានរៀបរាប់ថា នាងបានខ្ចីប្រាក់ចំនួន ១ពាន់ដុល្លារពីក្រុមហ៊ុន Loanly ប៉ុន្តែនាងបានទទួលប្រាក់តិចជាង ៦០០ដុល្លារប៉ុណ្ណោះបន្ទាប់ពីកាត់ថ្លៃសេវារួច។
នាងអះអាងថា ត្បិតប្រាក់ក្រុមហ៊ុនផ្ដល់ឲ្យតិចជាង ៦០០ដុល្លារក៏ពិតមែន ប៉ុន្តែនៅពេលសងត្រឡប់ទៅក្រុមហ៊ុនវិញនូវទឹកប្រាក់សរុបជិត ១៤០០ដុល្លារ។
ជនរងគ្រោះ សុខ ខឿន បញ្ជាក់ទៀតថា ទោះបីជារូបនាងបានសងប្រាក់ត្រឡប់ទៅវិញជាង ១ពាន់ដុល្លារទៅហើយក្ដី ប៉ុន្តែការធ្វើទុក្ខបុកម្នេញនៅតែបន្តកើតមានទៀត។ នាងបានរងការគំរាមកំហែងជាបន្តបន្ទាប់ ដោយពេលខ្លះ នាងគិតចង់ធ្វើអត្តឃាត ដោយសារភ័យខ្លាច និងការព្រួយបារម្ភចំពោះការងារ អាពាហ៍ពិពាហ៍ ឬសុវត្ថិភាពកូនៗ។
ប្រភពដដែលបន្តទៀតថា នាងបានដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃ ប៉ុន្តែមកដល់ពេលនេះ ក្រសួងមិនទាន់មានវិធានការយ៉ាងណានៅឡើយទេ។ សុខ ខឿន បានស្នើទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជួយពន្លឿននូវពាក្យបណ្ដឹងរបស់នាងផង។
ក្រៅពីការរៀបរាប់បញ្ហា និងស្នើទៅរដ្ឋាភិបាលហើយ ស្ត្រីរងគ្រោះរូបនេះក៏លើកទឹកចិត្តដល់ស្ត្រីផ្សេងទៀតដែលជួបប្រទះរឿងរ៉ាវស្រដៀងគ្នា ឱ្យក្លាហានដូចគ្នាផងដែរ។
អង្គការការពារសិទ្ធិមនុស្សក៏បានទទូច និងស្នើសុំជាថ្មីម្ដងទៀតទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស ដើម្បីធានាយុត្តិធម៌ស្របតាមច្បាប់ជាធរមាន។ ក្រៅពីស្នើទៅរដ្ឋាភិបាល លីកាដូក៏សូមអំពាវនាវទៅក្រុមហ៊ុនហ្វេសប៊ុក និងតេឡេក្រាម ឲ្យបញ្ឈប់ការប្រើប្រាស់កម្មវិធីរបស់ពួកគេជាកន្លែងដែលមានការរំលោភបំពានផ្នែកយេនឌ័រ និងការប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា។
បើតាមអង្គការលីកាដូ ឲ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២២ កន្លងទៅ កម្រិតបំណុលឯកជនកើនឡើងខ្ពស់ដល់ ១៧៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ហើយបំណុលទាំងនោះបាននាំឲ្យឈានទៅដល់ការលក់ដីដោយបង្ខំ ការចំណាកស្រុកដោយគ្រោះថ្នាក់ និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត៕
https://www.cambodiadaily.com/2022/08/03/14/45/63846/?feed_id=617
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្រៅពីជួបជាមួយក្រុមរដ្ឋមន្ត្រីនៃប្រទេសជាសមាជិកអាស៊ាន និងរដ្ឋាភិបាលកម្ពុជា ក៏អាចនឹងមានការជួបដាច់ដោយឡែកមួយជាមួយប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ផងដែរ។
អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែសីហា នេះថា វិបត្តិរកាំរកូសផ្នែកនយោបាយការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក កើតមានឡើងកន្លងមក គឺដោយសារតែខ្វះនូវការសន្ទនានយោបាយការទូតក្នុងការកសាងទំនុកចិត្តគ្នាត្រង់ទៅត្រង់មក ដើម្បីប្រយោជន៍ជាតិ និងពលរដ្ឋខ្មែររបស់មេដឹកនាំកម្ពុជា។
លោកលើកជាសំណួរថា តើមេដឹកនាំកម្ពុជា លោក ហ៊ុន សែន មានឆន្ទៈយកកូនសោចាក់មេសោបើកបន្ទប់នៃវិបត្តិនយោបាយដែលកំពុងជាប់គាំងអស់ជាច្រើនឆ្នាំមកនេះ ដើម្បីបញ្ចប់បញ្ហាដែរឬទេ? ព្រោះថានៅពេលនេះ បាល់គឺកំពុងស្ថិតនៅក្រោមជើងរបស់លោក ហ៊ុន សែន នៅរង់ចាំតែគាត់ជាអ្នកទាត់បញ្ចូលទីតែប៉ុណ្ណោះ ដើម្បីឱ្យពលរដ្ឋខ្មែរឈ្នះទាំងអស់គ្នា ក៏ដើម្បីផលប្រយោជន៍ជាតិរួមផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះអះអាងថា ការសម្របសម្រួល និងការចរចារវាងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវតែកើតឡើងជាដាច់ខាតដើម្បីប្រយោជន៍ជាតិ ប៉ុន្តែការរកដំណោះស្រាយនេះ ត្រូវតែធ្វើឡើងតាមមធ្យោបាយអហិង្សាដែលជាវិធីតែមួយគត់ក្នុងការបង្រួបបង្រួមជាតិ និងបញ្ចប់វិបត្តិជាប់គាំងនយោបាយនាពេលកន្លងមក ហើយការធ្វើបែបនេះក៏ជាការចង់បានរបស់សហរដ្ឋអាមេរិកផងដែរ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា សម្ពាធនយោបាយពីសហគមន៍អន្តរជាតិលើកម្ពុជាកន្លងមក គឺដោយសារតែពួកគេចង់ឃើញមេដឹកនាំនយោបាយនៅកម្ពុជាស្វែងរកដំណោះស្រាយសម្រាប់វិបត្តិជាប់គាំងរបស់ខ្លួន ក្នុងនោះអង្គទូតតំណាងឲ្យប្រទេសប្រជាធិបតេយ្យនានាបានខិតខំរិះរកគ្រប់មធ្យោបាយគ្រប់បែបយ៉ាង ក្នុងការជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកើតមាននេះរហូតមក។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ក្រសួងការបរទេសអាមេរិក បានប្រកាសថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) នឹងធ្វើដំណើរទៅកម្ពុជាជាលើកដំបូងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអព្យាក្រឹតអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យនៃទស្សនវិស័យអាស៊ានស្ដីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
ទាក់ទិននឹងទំនាក់ទំនងកម្ពុជា-អាមេរិកនៅពេលនេះ ត្រូវគេមើលឃើញថា កំពុងស្ថិតក្នុងភាពរកាំរកូសធ្ងន់ធ្ងរនៅឡើយ ជាពិសេសទាក់ទងទៅនឹងការរំលោភសិទ្ធិមនុស្ស ការជាន់ឈ្លីប្រជាធិបតេយ្យ ដូចជាការបន្តរឹតត្បិតសេរីភាពមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅពេលនេះជាដើម។ លើសពីនេះ ក៏មានបញ្ហាដែលពាក់ព័ន្ធទៅនឹងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាជាមួយកងទ័ពជើងទឹកចិន ថែមទៀតផង។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink បានអះអាងថា កម្ពុជាអាចនឹងទទួលបាននូវផលប្រយោជន៍ជាទីគាប់ចិត្តសម្រាប់ពលរដ្ឋខ្មែរពីដំណោះស្រាយនយោបាយរបស់ខ្លួន តាមរយៈនៃការបើកសិទ្ធិសេរីភាពនយោបាយរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ឡើងវិញ៕
https://www.cambodiadaily.com/2022/08/03/14/26/63839/?feed_id=614
ពលរដ្ឋឥណ្ឌូនេស៊ី ជាង ៦០នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះចេញពីកន្លែងឃុំខ្លួនក្នុងឧស្សាហកម្មឆបោកនៅខេត្តព្រះសីហនុ កាលពីចុងខែកក្កដា ឆ្នាំ២០២២។
ទស្សនាវដ្ដី Tempo ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានស្រង់សម្ដីរបស់មន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី និយាយថា ពលរដ្ឋឥណ្ឌូនេស៊ី ៥៥នាក់ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះចេញពីកន្លែងឃុំខ្លួននៃក្រុមឆបោក ខណៈមនុស្ស ៧នាក់ទៀតត្រូវបានសមត្ថកិច្ចឥណ្ឌូនេស៊ី សហការជាមួយកម្ពុជាជួយសង្គ្រោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ក្នុងចំណោមជនរងគ្រោះទាំង ៥៥នាក់ដែលត្រូវបានសមត្ថកិច្ចជួយសង្គ្រោះកាលពីថ្ងៃទី៣០ ខែកក្កដា ក្នុងនោះមានបុរស ៤៧នាក់ និងស្ត្រី ៨នាក់ ហើយបច្ចុប្បន្ន ពួកគេកំពុងទទួលការប្រឹក្សាផ្លូវចិត្តមុនពេលបញ្ជូនត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី វិញ។ ការផ្ដល់ប្រឹក្សាផ្លូវចិត្តនេះ ក្រោយពេលពួកគេត្រូវបានវាយដំ និងធ្វើទារុណកម្មនៅក្នុងបរិវេណដែលបង្អួចមានរនាំងបិទជិត និងព័ទ្ធដោយរបងបន្លាលួស នៅពេលដែលពួកគេបដិសេធមិនធ្វើការឆបោក។
ទស្សនាវដ្ដីដដែលឲ្យដឹងទៀតថា ជនជាតិឥណ្ឌូនេស៊ីទាំងនោះបានធ្លាក់ខ្លួនជាជនរងគ្រោះក្នុងក្រុមហ៊ុនឆបោកដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។ ពួកគេត្រូវបានឃុំខ្លួននៅឧស្សាហកម្មឆបោកក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងនៅក្បែរផ្លូវសន្តិភាពក្នុងឃុំ៣ នៃខេត្តនេះ។
ការជួយសង្គ្រោះនេះ មិនមែនមានតែជនជាតិឥណ្ឌូនេស៊ីនោះទេ កាលពីខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានសហការជាមួយសមត្ថកិច្ចកម្ពុជាដើម្បីជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនប្រមាណ ៣ពាន់នាក់ចេញពីក្រុមប្រតិបត្តិឆបោក ខណៈជនជាតិវៀតណាម ចិន និងម៉ាឡេស៊ី ជាដើម ក៏ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជាបន្តបន្ទាប់ផងដែរ។
តែយ៉ាងណា អាជ្ញាធរកម្ពុជាបានចាត់ទុកការជួញដូរពលករបរទេសនាពេលនេះ ថាជាប្រតិបត្តិការឆបោកក្នុងប្រទេស។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិក បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការជួញដូរមនុស្ស ដោយក្នុងនោះ អាមេរិកបានទម្លាក់កម្ពុជា វៀតណាម ទីក្រុងម៉ាកាវ ក្នុងប្រទេសចិន និងប្រទេសផ្សេងទៀតពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិតពីរ (Tier 2 Watch List) ទៅកម្រិតបីដែលជាកម្រិតដ៏អាក្រក់មួយ និងអាចរងទណ្ឌកម្ម។
ការទម្លាក់កម្ពុជាមកកម្រិត៣ នេះ ធ្វើឡើងក្រោមហេតុផលថា កម្ពុជាមានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្សឡើយ។
បើតាមរបាយការណ៍ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣ ដែលអាចធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស បើទោះបីជានេះមិនមែនជាការចាំបាច់ និងជាការសម្រេចចិត្តផ្នែកនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ៕
https://www.cambodiadaily.com/2022/08/03/14/15/63834/?feed_id=612
វេទិកាពលរដ្ឋជំរុញរដ្ឋាភិបាលធ្វើសមាជជាតិដើម្បីឲ្យពលរដ្ឋចូលរួមបញ្ចេញមតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ជាជាងអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលឲ្យទៅស្ដាប់ការបកស្រាយដដែលៗរបស់ក្រសួងយុត្តិធម៌ ដែលនឹងគ្រោងធ្វើនៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២។
ការជំរុញរបស់វេទិកាពលរដ្ឋ ធ្វើឡើងឆ្លើយតបនឹងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ដែលចេញនៅថ្ងៃទី២៩ ខែកក្កដា ដោយអំពាវនាវទៅគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ឱ្យចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀតជុំវិញបញ្ហានេះ នៅដើមខែក្រោយ ដើម្បីជម្រះចោលនូវរាល់កង្វល់ទាំងឡាយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងថា ការធ្វើសមាជជាតិឲ្យពលរដ្ឋខ្មែរទូទៅចូលរួមស្ដាប់ និងមានយោបល់ មានប្រយោជន៍ធំធេងណាស់ ក្នុងនោះបង្ហាញពីការផ្ដល់តម្លៃដល់ការចូលរួមរបស់ពលរដ្ឋស្របតាមគោលការណ៍ប្រតិបត្តិជាក់ស្ដែងក្នុងសង្គមប្រជាធិបតេយ្យ។ ជាមួយគ្នានេះ វាក៏ជាការកាត់បន្ថយការចំណាយពេលច្រើនរបស់រដ្ឋាភិបាលដែលនឹងត្រូវពន្យល់ដដែលៗលើចម្ងល់ដូចៗគ្នាពីមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីជម្រះរាល់ការមន្ទិលសង្ស័យពីគ្រប់មជ្ឈដ្ឋាន។
ក្រុមនេះនិយាយថា ការធ្វើសមាជជាតិនេះក៏ជាការគោរពស្មារតីរដ្ឋធម្មនុញ្ញស្ដីពីសមាជជាតិក្នុងជំពូកទី១៤ថ្មីទាំងមូល ដែលបើកឱកាសឲ្យពលរដ្ឋឈ្វេងយល់ដោយផ្ទាល់អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ ហើយអាចលើកសំណូមពរជូនរដ្ឋអំណាចដើម្បីធ្វើការដោះស្រាយ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ការបកស្រាយជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការគាំទ្រការធ្វើវិសោធនកម្មនេះក្រោយពីរដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញសម្រាប់ធ្វើវិសោធនកម្ម គឺមិនមានន័យអ្វីនោះឡើយ។ លោកបន្តថា ការដាក់គំនិតធ្វើវិសោធនកម្មធម្មនុញ្ញជូនពលរដ្ឋពិភាក្សា ផ្តល់មតិ និងមូលមតិគ្នាឱ្យបានច្រើន មុនពេលរដ្ឋសភាអនុម័តទើបជារឿងត្រឹមត្រូវ និងមានន័យ។
រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា សម្រេចអនុម័តកែរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ៨មាត្រាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងតាមការបញ្ជារបស់លោក ហ៊ុន សែន។ ក្រោយពីរដ្ឋសភាអនុម័តភ្លាម ស្ថាប័នជាតិធំៗ វិស័យឯកជន និងគណបក្សនយោបាយមួយចំនួន បាននាំគ្នាចេញញត្តិគាំទ្រលើការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ទោះបីជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះរងការរិះគន់ខ្លាំងបែបណាក៏ដោយ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គណបក្សចំនួន៤ និងក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន ទាមទារឲ្យរដ្ឋសភាកុំអនុម័តសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ដោយគិតថាជាការបំភ្លៃការពិត ដើម្បីទុកតថ្លៃនយោបាយ ហើយថាការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានកាត់បន្ថយអំណាចរបស់រដ្ឋសភា។
ទោះជាយ៉ាងណាក៏ដោយ ការទាមទាររបស់ពួកគេត្រូវបានលោក កើត រិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកជាន់ខ្ពស់នៃបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុង៕
https://www.cambodiadaily.com/2022/08/02/19/01/63829/?feed_id=610
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក-អាស៊ាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថា ដំណើរទស្សនកិច្ចរបស់លោក អែនតូនី ប្លីងខិន ទៅកាន់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ក្នុងកិច្ចប្រជុំខាងលើនេះ លោក Blinken នឹងលើកឡើងអំពីការដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ។
ក្រៅពីលើកឡើងអំពីការដោះស្រាយ លោក Blinken ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគីរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាផងដែរ។
នេះជាលើកដំបូងដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្រោយពីទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មានភាពតានតឹងនឹងគ្នាលើនយោបាយការបរទេស ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាផ្អាកការធ្វើសមយុទ្ធយោធាជាមួយអាមេរិក ហើយងាកមកធ្វើជាមួយចិនវិញ។
ជាងនេះទៅទៀត កម្ពុជាបានវាយកម្ទេចចោលអគារពីរខ្នងដែលជាជំនួយរបស់អាមេរិកនៅមូលដ្ឋានទ័ពជើងទឹករាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ឲ្យបានត្រឹមត្រូវដល់សហរដ្ឋអាមេរិក ហើយក្រោយពីវាយកម្ទេចហើយ កម្ពុជាក៏ត្រូវបានគេដឹងថា បានផ្ដល់មូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួនឲ្យចិនគ្រប់គ្រងជំនួសវិញ។ បញ្ហានេះបាននាំឲ្យអាមេរិកបារម្ភជាខ្លាំងអំពីការគំរាមកំហែងដល់ផលប្រយោជន៍ និងសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់៕
https://www.cambodiadaily.com/2022/08/02/18/58/63826/?feed_id=608
អភិបាលខេត្តកណ្ដាល ព្រមានដកតំណែងអភិបាលស្រុកស្អាង អភិបាលក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដោយទុកពេលឲ្យធ្វើការរយៈពេល ២០ថ្ងៃ ដើម្បីឱ្យពួកគេដោះស្រាយបញ្ហាទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ ខណៈថៅកែក្រុមហ៊ុនទឹកស្អាតអាចប្រឈមនឹងផ្លូវច្បាប់។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានព្រមានអភិបាលស្រុកស្អាង លោក ជឺ គឹមហៃ អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណរ៉ា មន្ត្រីពាក់ព័ន្ធមួយទៀត និងថៅកែទឹកស្អាតក្រុងតាខ្មៅ លោក ជ្រាង សេងគង់ កាលពីចុងសប្តាហ៍កន្លងទៅនៅចំពោះមុខមន្ត្រី និងពលរដ្ឋប្រមាណជាង ៧០គ្រួសារថា មន្ត្រីថ្នាក់ក្រោមទាំងនេះបានធ្វើរបាយការណ៍ភូតកុហកលោកជុំវិញការដោះស្រាយលើបញ្ហាគ្មានទឹកប្រើប្រាស់ជូនពលរដ្ឋ។
លោក គង់ សោភ័ណ្ឌ ព្រមានថា លោកទុកពេលឱ្យអាជ្ញាធរធ្វើការងាររយៈពេល ២០ថ្ងៃ ត្រូវដោះស្រាយបញ្ហាទឹកស្អាតជូនពលរដ្ឋឱ្យបានល្អឡើងវិញ។ បើមិនដូច្នោះទេ លោកនឹងដកអភិបាលក្រុងតាខ្មៅ និងអភិបាលស្រុកស្អាង ចេញពីតំណែង រួមជាមួយមន្ត្រីពាក់ព័ន្ធផងដែរ ព្រោះថាមន្ត្រីទាំងនេះបានធ្វើរបាយការណ៍ភូតកុហករូបលោក និងមិនយកចិត្តទុកដាក់ក្នុងការបម្រើពលរដ្ឋរហូតមក។
អភិបាលខេត្តកណ្ដាលរូបនេះបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតក៏នឹងមានបញ្ហាដូចគ្នាដែរ ដែលអាចប្រឈមមុខនឹងផ្លូវច្បាប់ ជាពិសេសក្នុងអំឡុងពេលដោះស្រាយបញ្ហានេះ ក្រុមហ៊ុនទឹកស្អាតត្រូវតែផ្គត់ផ្គង់ទឹកឱ្យពលរដ្ឋឱ្យបានគ្រប់គ្រាន់ និងតាមស្តង់ដារជាទីបំផុត មិនត្រូវបង្កឧប្បត្តិហេតុណាមួយដូចពេលកន្លងមកនោះឡើយ។
ការព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា អភិបាលស្រុកស្អាង និងអភិបាលក្រុងតាខ្មៅ បានឃុបឃិតគ្នាជាមួយថៅកែទឹកស្អាតកេងប្រវ័ញ្ចលើការប្រើប្រាស់ទឹករបស់ពលរដ្ឋជាង ៧០គ្រួសាររហូតមក។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានជួបជាមួយពលរដ្ឋចំនួន ៣ឃុំក្នុងស្រុកស្អាង និង ១សង្កាត់ក្នុងក្រុងតាខ្មៅ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដើម្បីធ្វើការដោះស្រាយបញ្ហាទឹកស្អាតជាមួយក្រុមហ៊ុនរដ្ឋាករទឹកស្អាតដែលបានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន បង្កើតអំពើពុករលួយលើការប្រើប្រាស់ទឹករបស់ពលរដ្ឋចំនួន ៧៣គ្រួសារអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Daily នៅថ្ងៃទី១ សីហា នេះថា បញ្ហាដែលកើតមានលើពលរដ្ឋក្រោមការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះមានច្រើនអនេក ដូចជាបញ្ហាអំពើពុករលួយ បញ្ហាបាត់បង់ព្រៃឈើ បញ្ហាអយុត្តិធម៌សង្គម បញ្ហាដីធ្លី និងបញ្ហានៃការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ ជាដើម សុទ្ធសឹងតែជាបញ្ហាដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ត្រូវតែដោះស្រាយជាបន្ទាន់ជូនពលរដ្ឋដែលកំពុងប្រឈមនៅពេលនេះ។
លោកលើកឡើងថា ការអះអាងរបស់លោក គង់ សោភ័ណ្ឌ ដែលបញ្ជាក់ថា លោកត្រូវបានមន្ត្រីថ្នាក់ក្រោមរាយការណ៍កុហករហូតមកបែបនេះ គឺបញ្ជាក់យ៉ាងច្បាស់ពីភាពទន់ខ្សោយនៃការដឹកនាំរបស់ខ្លួនក្នុងការធានានូវការផ្តល់សេវាជូនពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា ការដោះស្រាយបញ្ហាជូនពលរដ្ឋ គឺជារឿងល្អហើយ ប៉ុន្តែបញ្ហាដែលពលរដ្ឋទទួលរងនូវការធ្វើបាបពីមន្ត្រីខិលខូចក្រោមការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ គឺបានកើតមានស្ទើរតែពេញប្រទេសទៅហើយ។ ដោយឡែកការព្រមានដកតំណែងនេះ បើធ្វើឡើងដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋមែននោះ វាជារឿងគួរឱ្យអបអរសាទរ ប៉ុន្តែបើគ្រាន់តែធ្វើឱ្យតែល្អមើល នោះពលរដ្ឋនៅតែស្ថិតជាជនរងគ្រោះដើម្បីបម្រើផលប្រយោជន៍របស់ពួកគេដដែល។
កាលពីខែមករា ឆ្នាំ២០២២ អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២១ ថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៥៧ ក្នុងចំណោមប្រទេសទាំង១៨០ ដែលបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដែលបញ្ហានេះត្រូវគេមើលឃើញថា កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន៕
https://www.cambodiadaily.com/2022/08/02/18/54/63821/?feed_id=606
អនុប្រធានបក្សកាន់អំណាច លោក ស ខេង ណែនាំឱ្យសមាជិកបក្សរបស់ខ្លួនដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរួមគ្នាបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានបក្សកាន់អំណាច លោក ស ខេង បានលើកឡើងក្នុងកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ថា សមាជិកគណបក្សកាន់អំណាចទាំងអស់ដែលបានជាប់ជាមេឃុំ ជំទប់ឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ។
លោក ស ខេង អះអាងថា ដោយសារការខិតខំរបស់បក្សកាន់អំណាច ទើបខ្លួនទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ដោយបានកាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់ស្ទើរគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេសដូចដែលលទ្ធផលបានបង្ហាញមកនេះ។
អនុប្រធានបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីដើមខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គឺជាមូលដ្ឋាននយោបាយសម្រាប់គណបក្សរបស់ខ្លួនបន្តដណ្តើមជោគជ័យថែមទៀតក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រលើកទី៧ ក្នុងឆ្នាំ២០២៣ នាពេលខាងមុខនេះ។
សមាជិកស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់ The Cambodia Daily នៅថ្ងៃទី១ សីហា នេះថា ប្រសិនបើមន្ត្រីគណបក្សកាន់អំណាចអាចធ្វើបានតាមការណែនាំរបស់លោក ស ខេង នោះប្រាកដជាទទួលបានការសាទរ និងគាំទ្រពីពលរដ្ឋជាមិនខានឡើយ ហើយក៏នឹងមិនទទួលរងនូវការរិះគន់ពីពលរដ្ឋម្ចាស់ឆ្នោតដូចពេលកន្លងមកនោះដែរ។
លោកលើកឡើងថា ការដែលលោក ស ខេង លើកឡើងពីចំណុចអវិជ្ជមានមន្ត្រីគណបក្សកាន់អំណាចត្រង់ៗបែបនេះ អាចបញ្ជាក់ឱ្យឃើញថា គាត់បានមើលឃើញពីកំហុសឆ្គងដ៏ធ្ងន់ធ្ងរនៃមន្ត្រីរបស់ខ្លួនយ៉ាងពិតប្រាកដ។ លោក ស ខេង ក៏អាចមើលឃើញផងដែរថា គណបក្សកាន់អំណាចពិបាកនៅក្នុងការអប់រំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនឱ្យក្លាយជាមន្ត្រីល្អខ្លាំងណាស់ ដើម្បីអនុវត្តគោលនយោបាយ និងច្បាប់របស់ប្រទេសជាតិឱ្យបានត្រឹមត្រូវជូនពលរដ្ឋ។
សមាជិកស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ មេដឹកនាំបក្សកាន់អំណាចត្រូវតែហ៊ានធ្វើការវះកាត់មន្ត្រីដែលបំពានច្បាប់ដោយគ្មានការលើកលែងដាច់ខាត។ ជាងនេះទៀត ត្រូវរៀបចំមន្ត្រីស្អាតស្អំឱ្យទទួលខុសត្រូវលើការងារទាំងនោះវិញ បើមិនធ្វើដូច្នេះទេ ការណែនាំរបស់មន្ត្រីកំពូលបក្សកាន់អំណាចទៅកាន់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដូចដែលលោក ស ខេង លើកឡើងនៅពេលនេះ គឺបានត្រឹមតែនិយាយឱ្យពីរោះស្តាប់ប៉ុណ្ណោះ។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះថា គណបក្សកាន់អំណាចទទួលបានអាសនៈសរុប ៩៣៧៦អាសនៈនៅទូទាំងប្រទេស ក្នុងនោះគណបក្សនេះទទួលបានមេឃុំ និងចៅសង្កាត់ដល់ទៅ ១៦៤៨នាក់ឯណោះ។
យ៉ាងណាក៏ដោយ មេឃុំចៅសង្កាត់ដែលបក្សកាន់អំណាចទទួលបាននេះ ត្រូវរងនូវការរិះគន់ថា ជាការមេឃុំ និងចៅសង្កាត់ដែលមិនស្របច្បាប់ ព្រោះថាពួកគេបានកើតឡើងដោយសារការបោះឆ្នោតមួយដែលបក្សកាន់អំណាចបានរំលោភលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ៕
https://www.cambodiadaily.com/2022/08/02/18/44/63819/?feed_id=604