ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​អម​ដំណើរ​ដោយ​សមាជិក​សភា​ជាន់ខ្ពស់​អាមេរិក​ចំនួន ៦​រូប បាន​សម្រេច​ជ្រើសរើស​យក​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​២ ជា​ទស្សនកិច្ច​របស់​អ្នកស្រី​មុន​គេ។ កាលពី​ថ្ងៃ​ចន្ទ ទី​១ សីហា អ្នកស្រី Nancy Pelosi បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង…

អ្នកស្រី Pelosi ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ ទោះ​ជា​ចិន​គំរាម​ក៏ដោយ
អ្នកស្រី Pelosi ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ ទោះ​ជា​ចិន​គំរាម​ក៏ដោយ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ទាំង​អ្នកវិភាគ​ផង អ្នក​អត្ថាធិប្បាយ និង​អ្នក​ដាក់​ញត្តិ​ផង បាន​នាំគ្នា​រិះគន់​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឱ្យ​ចូល​មក​ជជែក​តទល់​គ្នា​ដោយ​ផ្ទាល់ និង​បើក​ចំហ​រក​តម្លាភាព​ជា​សាធារណៈ បែរ​ជា​ពួកគេ​មិន​មក​ចូលរួម​ទៅវិញ។…

អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ…
អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ…

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ទាំង​អ្នកវិភាគ​ផង អ្នក​អត្ថាធិប្បាយ និង​អ្នក​ដាក់​ញត្តិ​ផង បាន​នាំគ្នា​រិះគន់​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឱ្យ​ចូល​មក​ជជែក​តទល់​គ្នា​ដោយ​ផ្ទាល់ និង​បើក​ចំហ​រក​តម្លាភាព​ជា​សាធារណៈ បែរ​ជា​ពួកគេ​មិន​មក​ចូលរួម​ទៅវិញ។…

--

--

ពលរដ្ឋ ៧​រូប តំណាង​ឲ្យ​ពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» បន្ទាប់ពី​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី។ តំណាង​ប្រជាពលរដ្ឋ ២​រូប​ក្នុង​ចំណោម​តំណាង​ទាំង ៧​នាក់​ដែល​បាន​រង​នូវ​បណ្តឹង គឺ​អ្នកស្រី ប្រាក់ សុភា និង​អ្នកស្រី ផន សុខុម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ទៅ​បំភ្លឺ​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ថា​ពួកគាត់​គ្រាន់តែ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ និង​ការពារ​ផ្ទះសម្បែង​ដែល​ខ្លួន​ធ្លាប់​រស់នៅ បែរ​ជា​ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ទៅ​វិញ។

ពលរដ្ឋ​៧​រូប​តំណាង​ពលរដ្ឋ​២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ
ពលរដ្ឋ​៧​រូប​តំណាង​ពលរដ្ឋ​២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ពលរដ្ឋ ៧​រូប តំណាង​ឲ្យ​ពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» បន្ទាប់ពី​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី។

តំណាង​ប្រជាពលរដ្ឋ ២​រូប​ក្នុង​ចំណោម​តំណាង​ទាំង ៧​នាក់​ដែល​បាន​រង​នូវ​បណ្តឹង គឺ​អ្នកស្រី ប្រាក់ សុភា និង​អ្នកស្រី ផន សុខុម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ទៅ​បំភ្លឺ​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ថា​ពួកគាត់​គ្រាន់តែ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ និង​ការពារ​ផ្ទះសម្បែង​ដែល​ខ្លួន​ធ្លាប់​រស់នៅ បែរ​ជា​ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ទៅ​វិញ។

អ្នកស្រី ផន សុខុម បាន​អះអាង​ថា កន្លងមក​អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ជា​ប្រចាំ ប៉ុន្តែ​ពួកគេ​ដែល​ជា​តំណាង​ពលរដ្ឋ​ទាំង ៧​រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង បាន​នាំគ្នា​អង្វរករ​សុំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ដែល​បាន​ចុះ​រុះរើ​ទាំងនោះ​បញ្ឈប់​ការ​រុះរើ ហើយ​ជួយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពួកគាត់​កាន់កាប់​ដោយ​ស្របច្បាប់​វិញ ព្រោះ​ថា​ពលរដ្ឋ​ទាំង ២៥០​គ្រួសារ​បាន​រស់នៅ​លើ​ដី​នេះ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​បដិសេធ និង​បន្ត​រុះរើ​ដដែល។

តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើមហេតុ​នៃ​ការ​ប្តឹងផ្តល់​នេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​តំណាង​ពលរដ្ឋ​ទៅ​ស្នើសុំ​លិខិត​កាន់កាប់​ដីធ្លី​ពី​រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ ប៉ុន្តែ​អភិបាល​ខណ្ឌ លោក សុខ សម្បត្តិ បញ្ជាក់​ថា បើ​តំណាង​ពលរដ្ឋ​ទាំងនោះ​យល់ព្រម​ឱ្យ​អាជ្ញាធរ​ខណ្ឌ​រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន ៣​គ្រួសារ​ដែល​នៅ​តំបន់​នោះ ទើប​អាជ្ញាធរ​ខណ្ឌ​ចេញ​លិខិត​កាន់កាប់​ជូន ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ពួកគេ​បដិសេធ​ចោល​ទាំងស្រុង រហូត​មក​ក៏​មាន​ការ​ដាក់​កម្លាំង​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ និង​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​រហូត​ឈាន​ដល់​ការ​ប្ដឹង​ផ្តល់​នេះ​តែម្តង។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​តំណាង​ពលរដ្ឋ​ចំនួន ៧​នាក់ រួម​មាន​អ្នកស្រី ប្រាក់ សុភា អ្នកស្រី ខេន សាអយ និង​អ្នកស្រី ផន សុខុម ជាដើម កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ឱ្យ​ចូល​ទៅ​បំភ្លឺ​ចំពោះ​តុលាការ នៅ​ថ្ងៃទី​២ ទី​៣ ទី​៤ និង​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ ក្រោម​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» ទៅ​តាម​បណ្ដឹង​របស់​ប្រធាន​សន្តិសុខ​ខណ្ឌ​ព្រែកព្នៅ លោក មាស សម្បូរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២ សីហា នេះ​ថា ការ​ចេញ​មុខ​ប្តឹង​របស់​អាជ្ញាធរ​ទៅ​កាន់​ពលរដ្ឋ​ដែល​តវ៉ា​សុំ​សិទ្ធិ​រស់នៅ​លើ​ដី​របស់​ពួកគាត់ ក្នុង​ចេតនា​ដើម្បី​កុំ​ឱ្យ​ពួកគាត់​ធ្វើការ​ទាមទារ​បន្ត​ទៀត ដែល​វា​ជា​រូបភាព​នៃ​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ ដែល​ត្រូវ​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ក្នុង​ការ​រស់នៅ​ដោយ​ស្របច្បាប់។

លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពលរដ្ឋ​ទាំង ២៥០​គ្រួសារ​ដែល​បាន​តាំង​ទី​លំនៅ​ជាប់​បឹង​តាមោក​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លងមក​នេះ ឱ្យ​ពួកគេ​មាន​សិទ្ធិ​រស់នៅ​ដោយ​ស្របច្បាប់ ដើម្បី​ចៀសវាង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​បន្ត​ទៀត ព្រោះ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​តំបន់​នោះ​ឱ្យ​ក្រុមហ៊ុន​អស់​ជាច្រើន​នា​ពេល​កន្លងមក ទាំង​ដែល​ម្ចាស់​ក្រុមហ៊ុន​នោះ​មិន​បាន​ទៅ​រស់នៅ​ក្នុង​តំបន់​បឹង​តាមោក​នេះ​ផង​នោះ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​ពី​លោក មាស សម្បូរ ដែល​ពលរដ្ឋ​អះអាង​ថា​ជា​ប្រធាន​សន្តិសុខ​ខណ្ឌ​ព្រែកព្នៅ បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ៕

https://www.cambodiadaily.com/2022/08/03/15/04/63849/?feed_id=619

--

--

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ និង​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ផ្តល់​ប្រាក់​កម្ចី​អនឡាញ និង​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​ដែល​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ស្ត្រី​ខ្មែរ​ជា​កូនបំណុល​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។ ការ​ស្នើ​របស់​អង្គការ​លីកាដូ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រោម​ចំណងជើង​ថា «ត្រូវ​ក្លាហាន​និយាយ​ពី​ប្រាក់កម្ចី​អនឡាញ និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់»។

លីកាដូ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ក្រុម​ផ្តល់​ប្រាក់កម្ចី​អនឡាញ​និង​ជំរិត​ទារ​ប្រាក់​លើ​ស្ត្រី​ខ្មែ…
លីកាដូ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ក្រុម​ផ្តល់​ប្រាក់កម្ចី​អនឡាញ​និង​ជំរិត​ទារ​ប្រាក់​លើ​ស្ត្រី​ខ្មែ…

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ និង​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ផ្តល់​ប្រាក់​កម្ចី​អនឡាញ និង​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​ដែល​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ស្ត្រី​ខ្មែរ​ជា​កូនបំណុល​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។

ការ​ស្នើ​របស់​អង្គការ​លីកាដូ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រោម​ចំណងជើង​ថា «ត្រូវ​ក្លាហាន​និយាយ​ពី​ប្រាក់កម្ចី​អនឡាញ និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់»

លីកាដូ​បាន​លើកឡើង​ថា បណ្ដាញ​កម្ចី​ប្រាក់​អនឡាញ​កំពុង​ដាក់​គោលដៅ​លើ​ស្ត្រី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តេឡេក្រាម (Telegram) ដោយ​ទាញ​អ្នក​ទាំងនោះ​ឲ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារ​ប្រាក់​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។

ប្រភព​បន្ថែម​ថា រឿង​នេះ​កើតឡើង​ក្រោយពី​ស្ត្រី​ទាំងនោះ​បាន​ទទួល​កម្ចី​តូចៗ​ពី​ដំបូង​ដែល​ប្រឈម​នឹង​អត្រា​ការប្រាក់​ដ៏​ខ្ពស់ និង​ភាព​មិន​ច្បាស់លាស់​នៃ​លក្ខខណ្ឌ​កម្ចី​ដែល​នាំ​ឲ្យ​មាន​ការ​កើនឡើង​បន្ទុក​បំណុល។

ក្រោយពី​កើន​បន្ទុក​ហើយ បន្ទាប់មក​អ្នក​ផ្ដល់​ប្រាក់កម្ចី​ថ្មី​បាន​ចាប់ផ្ដើម​ទាក់ទង​ទៅ​កាន់​ជនរងគ្រោះ​តាមរយៈ​កម្មវិធី​តេឡេក្រាម ដើម្បី​ស្នើ​ផ្ដល់​កម្ចី​ថ្មី​ទៀត។ ក្រោយពី​ផ្ដល់​កម្ចី​ហើយ ក្រុម​ទាំងនេះ​ក៏​បាន​ចាប់ផ្ដើម​ទាក់ទង​ឥត​ឈប់ឈរ​ទៅ​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​បង់​សង។

សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា នៅ​ពេល​ជនរងគ្រោះ​រង​សម្ពាធ​ធ្ងន់ធ្ងរ ក៏​មាន​ក្រុម​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Loanly បាន​ស្នើ​ផ្ដល់​កម្ចី​ក្នុង​ទំហំ​ធំ​មួយ ឬ​គ្រប់គ្រាន់​សម្រាប់​ស្ត្រី​ម្នាក់ៗ​យក​ទៅ​សង​បំណុល​តូចៗ​ទាំងនោះ ប៉ុន្តែ​ជា​ដំបូង ទាមទារ​ឲ្យ​ស្ត្រី​ដែល​ជា​អ្នក​ខ្ចី​ប្រាក់ ត្រូវ​ផ្ញើ​ឲ្យ​រូបភាព ឬ​វីដេអូ​អាក្រាត​របស់​ខ្លួន​តាមរយៈ​កម្មវិធី​តេឡេក្រាម ដោយ​ភ្ជាប់​ជាមួយ​ទីតាំង និង​ឯកសារ​សម្គាល់​ខ្លួន។

ដោយ​ជាប់​ក្នុង​អន្ទាក់ និង​រង​ការ​បៀតបៀន​ពី​អ្នក​ផ្ដល់​ប្រាក់កម្ចី​តូចៗ ស្ត្រី​ទាំងនោះ​បាន​យល់ព្រម​ស្នើសុំ​កម្ចី និង​ទាញ​យក​កម្មវិធី Loanly ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ចូល​មើល​បញ្ជី​ទំនាក់ទំនង​នៅ​ក្នុង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បាន ក្នុង​នោះ​ស្ត្រី​ម្នាក់ៗ​បាន​ទទួល​ប្រាក់​តែ​ប៉ុន្មាន​រយ​ដុល្លារ​ប៉ុណ្ណោះ​តាមរយៈ​សេវា​ផ្ទេរ​ប្រាក់​អ៊ីម៉ាន់នី (eMoney) គឺ​តិច​ជាង​ចំនួន​ដែល​បាន​សន្យា ពីព្រោះ​ក្រុមហ៊ុន Loanly អះអាង​ថា ចំណែក​ផ្សេង​ទៀត​នៃ​ប្រាក់កម្ចី​ត្រូវ​បាន​កាត់​ជា​ថ្លៃ​សេវា។

លីកាដូ ឲ្យ​ដឹង​ថា ក្រុមហ៊ុន Loanly បាន​ចាប់ផ្ដើម​យុទ្ធនាការ​យ៉ាង​អាក្រក់​ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​ស្ត្រី​បង់​សង ដោយ​ក្រុមហ៊ុន​គំរាម​បញ្ចេញ​រូបភាព និង​វីដេអូ​អាក្រាត​ទាំងនោះ​នៅ​លើ​អ៊ីនធឺណិត ឬ​ថា​ពួកគេ​ទៅ​ជិត​ដល់​ផ្ទះ​របស់​ជនរងគ្រោះ ឬ​ទូរស័ព្ទ​ឥត​ឈប់ឈរ​ទៅ​កាន់​ជនរងគ្រោះ គ្រួសារ មិត្តភក្ដិ និង​សហការី​របស់​អ្នក​ទាំងនោះ ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ប្លែកៗ​ជាច្រើន ឬ​បង្ហោះ​ជា​សាធារណៈ​នៃ​រូបភាព​គ្រួសារ​របស់​ជនរងគ្រោះ​នៅ​លើ​ហ្វេសប៊ុក។

បើ​តាម​ការ​សម្ភាស​របស់​អង្គការ​លីកាដូ ទៅ​លើ​ស្ត្រី​ជន​រងគ្រោះ​ឈ្មោះ សុខ ខឿន បាន​រៀបរាប់​ថា នាង​បាន​ខ្ចី​ប្រាក់​ចំនួន ១​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន Loanly ប៉ុន្តែ​នាង​បាន​ទទួល​ប្រាក់​តិច​ជាង ៦០០​ដុល្លារ​ប៉ុណ្ណោះ​បន្ទាប់ពី​កាត់​ថ្លៃ​សេវា​រួច។

នាង​អះអាង​ថា ត្បិត​ប្រាក់​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​តិច​ជាង ៦០០​ដុល្លារ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​សង​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​នូវ​ទឹកប្រាក់​សរុប​ជិត ១៤០០​ដុល្លារ។

ជនរងគ្រោះ សុខ ខឿន បញ្ជាក់​ទៀត​ថា ទោះបីជា​រូប​នាង​បាន​សង​ប្រាក់​ត្រឡប់​ទៅវិញ​ជាង ១​ពាន់​ដុល្លារ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅតែ​បន្ត​កើតមាន​ទៀត។ នាង​បាន​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់ ដោយ​ពេល​ខ្លះ នាង​គិត​ចង់​ធ្វើ​អត្តឃាត ដោយសារ​ភ័យ​ខ្លាច និង​ការ​ព្រួយបារម្ភ​ចំពោះ​ការងារ អាពាហ៍ពិពាហ៍ ឬ​សុវត្ថិភាព​កូនៗ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នាង​បាន​ដាក់​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​មក​ដល់​ពេលនេះ ក្រសួង​មិន​ទាន់​មាន​វិធានការ​យ៉ាង​ណា​នៅឡើយ​ទេ។ សុខ ខឿន បាន​ស្នើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ជួយ​ពន្លឿន​នូវ​ពាក្យ​បណ្ដឹង​របស់​នាង​ផង។

ក្រៅពី​ការ​រៀបរាប់​បញ្ហា និង​ស្នើ​ទៅ​រដ្ឋាភិបាល​ហើយ ស្ត្រី​រងគ្រោះ​រូប​នេះ​ក៏​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត​ដែល​ជួប​ប្រទះ​រឿងរ៉ាវ​ស្រដៀង​គ្នា ឱ្យ​ក្លាហាន​ដូច​គ្នា​ផង​ដែរ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ក៏​បាន​ទទូច និង​ស្នើសុំ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​ឆាប់​រហ័ស ដើម្បី​ធានា​យុត្តិធម៌​ស្រប​តាម​ច្បាប់​ជា​ធរមាន។ ក្រៅពី​ស្នើ​ទៅ​រដ្ឋាភិបាល លីកាដូ​ក៏​សូម​អំពាវនាវ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក និង​តេឡេក្រាម ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី​របស់​ពួកគេ​ជា​កន្លែង​ដែល​មាន​ការ​រំលោភ​បំពាន​ផ្នែក​យេនឌ័រ និង​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ កម្រិត​បំណុល​ឯកជន​កើនឡើង​ខ្ពស់​ដល់ ១៧៤% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស ហើយ​បំណុល​ទាំងនោះ​បាន​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​លក់​ដី​ដោយ​បង្ខំ ការ​ចំណាកស្រុក​ដោយ​គ្រោះថ្នាក់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេង​ទៀត៕

https://www.cambodiadaily.com/2022/08/03/14/45/63846/?feed_id=617

--

--

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្រៅពី​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​នឹង​មាន​ការ​ជួប​ដាច់​ដោយឡែក​មួយ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ផង​ដែរ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ ខែ​សីហា នេះ​ថា វិបត្តិ​រកាំរកូស​ផ្នែក​នយោបាយ​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​កន្លងមក គឺ​ដោយសារតែ​ខ្វះ​នូវ​ការ​សន្ទនា​នយោបាយ​ការទូត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​របស់​មេដឹកនាំ​កម្ពុជា។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាច​នឹង​ជួប​លោក កឹម សុខា ក្រៅពី​ជួប​ប្រេសិត​ពិសេស​អាស៊ាន
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាច​នឹង​ជួប​លោក កឹម សុខា ក្រៅពី​ជួប​ប្រេសិត​ពិសេស​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្រៅពី​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​នឹង​មាន​ការ​ជួប​ដាច់​ដោយឡែក​មួយ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ផង​ដែរ។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ ខែ​សីហា នេះ​ថា វិបត្តិ​រកាំរកូស​ផ្នែក​នយោបាយ​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​កន្លងមក គឺ​ដោយសារតែ​ខ្វះ​នូវ​ការ​សន្ទនា​នយោបាយ​ការទូត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​របស់​មេដឹកនាំ​កម្ពុជា។

លោក​លើក​ជា​សំណួរ​ថា តើ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន មាន​ឆន្ទៈ​យក​កូនសោ​ចាក់​មេសោ​បើក​បន្ទប់​នៃ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​អស់​ជាច្រើន​ឆ្នាំ​មក​នេះ ដើម្បី​បញ្ចប់​បញ្ហា​ដែរ​ឬ​ទេ? ព្រោះ​ថា​នៅ​ពេលនេះ បាល់​គឺ​កំពុង​ស្ថិត​នៅ​ក្រោម​ជើង​របស់​លោក ហ៊ុន សែន នៅ​រង់ចាំ​តែ​គាត់​ជា​អ្នក​ទាត់​បញ្ចូល​ទី​តែប៉ុណ្ណោះ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឈ្នះ​ទាំងអស់​គ្នា ក៏​ដើម្បី​ផលប្រយោជន៍​ជាតិ​រួម​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​សម្របសម្រួល និង​ការ​ចរចា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវតែ​កើតឡើង​ជាដាច់ខាត​ដើម្បី​ប្រយោជន៍​ជាតិ ប៉ុន្តែ​ការ​រក​ដំណោះស្រាយ​នេះ ត្រូវតែ​ធ្វើឡើង​តាម​មធ្យោបាយ​អហិង្សា​ដែល​ជា​វិធី​តែ​មួយ​គត់​ក្នុង​ការ​បង្រួបបង្រួម​ជាតិ និង​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នា​ពេល​កន្លងមក ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា សម្ពាធ​នយោបាយ​ពី​សហគមន៍​អន្តរជាតិ​លើ​កម្ពុជា​កន្លងមក គឺ​ដោយសារតែ​ពួកគេ​ចង់​ឃើញ​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​ជាប់​គាំង​របស់​ខ្លួន ក្នុង​នោះ​អង្គទូត​តំណាង​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​នានា​បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​គ្រប់​បែប​យ៉ាង ក្នុង​ការ​ជជែក​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ដែល​កើតមាន​នេះ​រហូត​មក។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ ក្រសួង​ការបរទេស​អាមេរិក បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) នឹង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អព្យាក្រឹត​អាស៊ាន និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​ទស្សនវិស័យ​អាស៊ាន​ស្ដីពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផង​ដែរ។

ទាក់ទិន​នឹង​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ស្ថិត​ក្នុង​ភាព​រកាំរកូស​ធ្ងន់ធ្ងរ​នៅឡើយ ជាពិសេស​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ជាន់​ឈ្លី​ប្រជាធិបតេយ្យ ដូចជា​ការ​បន្ត​រឹតត្បិត​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ពេលនេះ​ជាដើម។ លើស​ពី​នេះ ក៏​មាន​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​ជាមួយ​កងទ័ព​ជើងទឹក​ចិន ថែម​ទៀត​ផង។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink បាន​អះអាង​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជា​ទី​គាប់ចិត្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពី​ដំណោះស្រាយ​នយោបាយ​របស់​ខ្លួន តាម​រយៈ​នៃ​ការ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ៕

https://www.cambodiadaily.com/2022/08/03/14/26/63839/?feed_id=614

--

--

ពលរដ្ឋ​ឥណ្ឌូនេស៊ី ជាង ៦០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២។ ទស្សនាវដ្ដី Tempo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និយាយ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៥៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​នៃ​ក្រុម​ឆបោក ខណៈ​មនុស្ស ៧​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី សហការ​ជាមួយ​កម្ពុជា​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៦០​នាក់​ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ
ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៦០​នាក់​ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ឥណ្ឌូនេស៊ី ជាង ៦០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២។

ទស្សនាវដ្ដី Tempo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និយាយ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៥៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​នៃ​ក្រុម​ឆបោក ខណៈ​មនុស្ស ៧​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី សហការ​ជាមួយ​កម្ពុជា​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។

ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៥៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ក្នុង​នោះ​មាន​បុរស ៤៧​នាក់ និង​ស្ត្រី ៨​នាក់ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ទទួល​ការ​ប្រឹក្សា​ផ្លូវចិត្ត​មុន​ពេល​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី វិញ។ ការ​ផ្ដល់​ប្រឹក្សា​ផ្លូវចិត្ត​នេះ ក្រោយ​ពេល​ពួកគេ​ត្រូវ​បាន​វាយ​ដំ និង​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​បរិវេណ​ដែល​បង្អួច​មាន​រនាំង​បិទ​ជិត និង​ព័ទ្ធ​ដោយ​របង​បន្លា​លួស នៅ​ពេល​ដែល​ពួកគេ​បដិសេធ​មិន​ធ្វើការ​ឆបោក។

ទស្សនាវដ្ដី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​ឥណ្ឌូនេស៊ី​ទាំងនោះ​បាន​ធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​ក្រុមហ៊ុន​ឆបោក​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា។ ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឧស្សាហកម្ម​ឆបោក​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ទីតាំង​នៅ​ក្បែរ​ផ្លូវ​សន្តិភាព​ក្នុង​ឃុំ​៣ នៃ​ខេត្ត​នេះ។

ការ​ជួយ​សង្គ្រោះ​នេះ មិនមែន​មាន​តែ​ជនជាតិ​ឥណ្ឌូនេស៊ី​នោះ​ទេ កាលពី​ខែ​មេសា ឆ្នាំ​២០២២ សមត្ថកិច្ច​ថៃ បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ ៣​ពាន់​នាក់​ចេញពី​ក្រុម​ប្រតិបត្តិ​ឆបោក ខណៈ​ជនជាតិ​វៀតណាម ចិន និង​ម៉ាឡេស៊ី ជាដើម ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជាបន្តបន្ទាប់​ផង​ដែរ។

តែ​យ៉ាងណា អាជ្ញាធរ​កម្ពុជា​បាន​ចាត់ទុក​ការ​ជួញដូរ​ពលករ​បរទេស​នា​ពេលនេះ ថា​ជា​ប្រតិបត្តិការ​ឆបោក​ក្នុង​ប្រទេស។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម ទីក្រុង​ម៉ាកាវ ក្នុង​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី​ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម។

ការ​ទម្លាក់​កម្ពុជា​មក​កម្រិត​៣ នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​ឡើយ។

បើ​តាម​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស បើ​ទោះបីជា​នេះ​មិន​មែន​ជា​ការ​ចាំបាច់ និង​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏ដោយ៕

https://www.cambodiadaily.com/2022/08/03/14/15/63834/?feed_id=612

--

--

វេទិកា​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ជាជាង​អញ្ជើញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ទៅ​ស្ដាប់​ការ​បកស្រាយ​ដដែលៗ​របស់​ក្រសួង​យុត្តិធម៌ ដែល​នឹង​គ្រោង​ធ្វើ​នៅ​រសៀល​ថ្ងៃទី​២ ទី​៣ និង​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។ ការ​ជំរុញ​របស់​វេទិកា​ពលរដ្ឋ ធ្វើឡើង​ឆ្លើយតប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ ដែល​ចេញ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ដោយ​អំពាវនាវ​ទៅ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ដែល​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ឱ្យ​ចូល​ស្តាប់​ការ​ពន្យល់ និង​បកស្រាយ​បំភ្លឺ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ នៅ​ដើម​ខែ​ក្រោយ ដើម្បី​ជម្រះ​ចោល​នូវ​រាល់​កង្វល់​ទាំងឡាយ។

វេទិកា​ពលរដ្ឋ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០
វេទិកា​ពលរដ្ឋ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០

វេទិកា​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ជាជាង​អញ្ជើញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ទៅ​ស្ដាប់​ការ​បកស្រាយ​ដដែលៗ​របស់​ក្រសួង​យុត្តិធម៌ ដែល​នឹង​គ្រោង​ធ្វើ​នៅ​រសៀល​ថ្ងៃទី​២ ទី​៣ និង​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។

ការ​ជំរុញ​របស់​វេទិកា​ពលរដ្ឋ ធ្វើឡើង​ឆ្លើយតប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ ដែល​ចេញ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ដោយ​អំពាវនាវ​ទៅ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ដែល​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ឱ្យ​ចូល​ស្តាប់​ការ​ពន្យល់ និង​បកស្រាយ​បំភ្លឺ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ នៅ​ដើម​ខែ​ក្រោយ ដើម្បី​ជម្រះ​ចោល​នូវ​រាល់​កង្វល់​ទាំងឡាយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ចុះ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​ធ្វើ​សមាជ​ជាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចូលរួម​ស្ដាប់ និង​មាន​យោបល់ មាន​ប្រយោជន៍​ធំធេង​ណាស់ ក្នុង​នោះ​បង្ហាញ​ពី​ការ​ផ្ដល់​តម្លៃ​ដល់​ការ​ចូលរួម​របស់​ពលរដ្ឋ​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ជាក់ស្ដែង​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ជាមួយ​គ្នា​នេះ វា​ក៏​ជា​ការ​កាត់បន្ថយ​ការ​ចំណាយ​ពេល​ច្រើន​របស់​រដ្ឋាភិបាល​ដែល​នឹង​ត្រូវ​ពន្យល់​ដដែលៗ​លើ​ចម្ងល់​ដូចៗ​គ្នា​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ដើម្បី​ជម្រះ​រាល់​ការ​មន្ទិល​សង្ស័យ​ពី​គ្រប់​មជ្ឈដ្ឋាន។

ក្រុម​នេះ​និយាយ​ថា ការ​ធ្វើ​សមាជ​ជាតិ​នេះ​ក៏​ជា​ការ​គោរព​ស្មារតី​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាជ​ជាតិ​ក្នុង​ជំពូក​ទី​១៤​ថ្មី​ទាំងមូល ដែល​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ឈ្វេងយល់​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ ហើយ​អាច​លើក​សំណូមពរ​ជូន​រដ្ឋ​អំណាច​ដើម្បី​ធ្វើការ​ដោះស្រាយ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ការ​បកស្រាយ​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ក្រោយពី​រដ្ឋសភា​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​សម្រាប់​ធ្វើ​វិសោធនកម្ម គឺ​មិន​មាន​ន័យ​អ្វី​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ដាក់​គំនិត​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ជូន​ពលរដ្ឋ​ពិភាក្សា ផ្តល់​មតិ និង​មូលមតិ​គ្នា​ឱ្យ​បាន​ច្រើន មុន​ពេល​រដ្ឋសភា​អនុម័ត​ទើប​ជា​រឿង​ត្រឹមត្រូវ និង​មាន​ន័យ។

រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ត្រូវ​បាន​ធ្វើឡើង​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន។ ក្រោយពី​រដ្ឋសភា​អនុម័ត​ភ្លាម ស្ថាប័ន​ជាតិ​ធំៗ វិស័យ​ឯកជន និង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​នាំគ្នា​ចេញ​ញត្តិ​គាំទ្រ​លើ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ទោះបីជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​រង​ការ​រិះគន់​ខ្លាំង​បែប​ណា​ក៏ដោយ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មីៗ​នេះ គណបក្ស​ចំនួន​៤ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋសភា​កុំ​អនុម័ត​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ ដោយ​គិត​ថា​ជា​ការ​បំភ្លៃ​ការពិត ដើម្បី​ទុក​តថ្លៃ​នយោបាយ ហើយ​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ បាន​កាត់បន្ថយ​អំណាច​របស់​រដ្ឋសភា។

ទោះជា​យ៉ាងណាក៏ដោយ ការ​ទាមទារ​របស់​ពួកគេ​ត្រូវ​បាន​លោក កើត រិទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​ប្រជាជន​កម្ពុជា ច្រាន​ចោល​ទាំងស្រុង៕

https://www.cambodiadaily.com/2022/08/02/19/01/63829/?feed_id=610

--

--

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក-អាស៊ាន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក អែនតូនី ប្លីងខិន ទៅ​កាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​បូព៌ា និង​វេទិកា​តំបន់​អាស៊ាន។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក-អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក អែនតូនី ប្លីងខិន ទៅ​កាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​បូព៌ា និង​វេទិកា​តំបន់​អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ លោក Blinken នឹង​លើកឡើង​អំពី​ការ​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ បញ្ហា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ផង​ដែរ។

ក្រៅពី​លើកឡើង​អំពី​ការ​ដោះស្រាយ លោក Blinken ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​ផង​ដែរ។

នេះ​ជា​លើកដំបូង​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្រោយពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​មាន​ភាព​តានតឹង​នឹង​គ្នា​លើ​នយោបាយ​ការបរទេស ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក ហើយ​ងាក​មក​ធ្វើ​ជាមួយ​ចិន​វិញ។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​បាន​វាយ​កម្ទេច​ចោល​អគារ​ពីរ​ខ្នង​ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​គ្មាន​ការ​ជូនដំណឹង ឬ​ការ​ពន្យល់​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​សហរដ្ឋ​អាមេរិក ហើយ​ក្រោយពី​វាយ​កម្ទេច​ហើយ កម្ពុជា​ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្ដល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​ខ្លួន​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​អាមេរិក​បារម្ភ​ជា​ខ្លាំង​អំពី​ការ​គំរាមកំហែង​ដល់​ផលប្រយោជន៍ និង​សម្ពន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕

https://www.cambodiadaily.com/2022/08/02/18/58/63826/?feed_id=608

--

--

អភិបាល​ខេត្ត​កណ្ដាល ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​ស្អាង អភិបាល​ក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ទុក​ពេល​ឲ្យ​ធ្វើការ​រយៈពេល ២០​ថ្ងៃ ដើម្បី​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ប្រើប្រាស់ ខណៈ​ថៅកែ​ក្រុមហ៊ុន​ទឹក​ស្អាត​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ព្រមាន​អភិបាល​ស្រុក​ស្អាង លោក ជឺ គឹមហៃ អភិបាល​ក្រុង​តាខ្មៅ លោក នូ សុវណ្ណរ៉ា មន្ត្រី​ពាក់ព័ន្ធ​មួយ​ទៀត និង​ថៅកែ​ទឹក​ស្អាត​ក្រុង​តាខ្មៅ លោក ជ្រាង សេងគង់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ចំពោះ​មុខ​មន្ត្រី និង​ពលរដ្ឋ​ប្រមាណ​ជាង ៧០​គ្រួសារ​ថា មន្ត្រី​ថ្នាក់​ក្រោម​ទាំងនេះ​បាន​ធ្វើ​របាយការណ៍​ភូត​កុហក​លោក​ជុំវិញ​ការ​ដោះស្រាយ​លើ​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​ជូន​ពលរដ្ឋ។

អភិបាល​ខេត្ត​កណ្ដាល​ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​និង​ក្រុង…
អភិបាល​ខេត្ត​កណ្ដាល​ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​និង​ក្រុង…

អភិបាល​ខេត្ត​កណ្ដាល ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​ស្អាង អភិបាល​ក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ទុក​ពេល​ឲ្យ​ធ្វើការ​រយៈពេល ២០​ថ្ងៃ ដើម្បី​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ប្រើប្រាស់ ខណៈ​ថៅកែ​ក្រុមហ៊ុន​ទឹក​ស្អាត​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ព្រមាន​អភិបាល​ស្រុក​ស្អាង លោក ជឺ គឹមហៃ អភិបាល​ក្រុង​តាខ្មៅ លោក នូ សុវណ្ណរ៉ា មន្ត្រី​ពាក់ព័ន្ធ​មួយ​ទៀត និង​ថៅកែ​ទឹក​ស្អាត​ក្រុង​តាខ្មៅ លោក ជ្រាង សេងគង់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ចំពោះ​មុខ​មន្ត្រី និង​ពលរដ្ឋ​ប្រមាណ​ជាង ៧០​គ្រួសារ​ថា មន្ត្រី​ថ្នាក់​ក្រោម​ទាំងនេះ​បាន​ធ្វើ​របាយការណ៍​ភូត​កុហក​លោក​ជុំវិញ​ការ​ដោះស្រាយ​លើ​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​ជូន​ពលរដ្ឋ។

លោក គង់ សោភ័ណ្ឌ ព្រមាន​ថា លោក​ទុក​ពេល​ឱ្យ​អាជ្ញាធរ​ធ្វើ​ការងារ​រយៈពេល ២០​ថ្ងៃ ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ឡើងវិញ។ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ដក​អភិបាល​ក្រុង​តាខ្មៅ និង​អភិបាល​ស្រុក​ស្អាង ចេញពី​តំណែង រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ផង​ដែរ ព្រោះ​ថា​មន្ត្រី​ទាំងនេះ​បាន​ធ្វើ​របាយការណ៍​ភូត​កុហក​រូបលោក និង​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការ​បម្រើ​ពលរដ្ឋ​រហូត​មក។

អភិបាល​ខេត្ត​កណ្ដាល​រូប​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​ទឹក​ស្អាត​ក៏​នឹង​មាន​បញ្ហា​ដូច​គ្នា​ដែរ ដែល​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ជាពិសេស​ក្នុង​អំឡុង​ពេល​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​ទឹក​ស្អាត​ត្រូវតែ​ផ្គត់ផ្គង់​ទឹក​ឱ្យ​ពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រាន់ និង​តាម​ស្តង់ដារ​ជាទីបំផុត មិន​ត្រូវ​បង្ក​ឧប្បត្តិហេតុ​ណា​មួយ​ដូច​ពេល​កន្លងមក​នោះ​ឡើយ។

ការ​ព្រមាន​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​រក​ឃើញ​ថា អភិបាល​ស្រុក​ស្អាង និង​អភិបាល​ក្រុង​តាខ្មៅ បាន​ឃុបឃិត​គ្នា​ជាមួយ​ថៅកែ​ទឹក​ស្អាត​កេងប្រវ័ញ្ច​លើ​ការ​ប្រើប្រាស់​ទឹក​របស់​ពលរដ្ឋ​ជាង ៧០​គ្រួសារ​រហូត​មក។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ជួប​ជាមួយ​ពលរដ្ឋ​ចំនួន ៣​ឃុំ​ក្នុង​ស្រុក​ស្អាង និង ១​សង្កាត់​ក្នុង​ក្រុង​តាខ្មៅ កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​នេះ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជាមួយ​ក្រុមហ៊ុន​រដ្ឋាករ​ទឹក​ស្អាត​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បង្កើត​អំពើពុករលួយ​លើ​ការ​ប្រើប្រាស់​ទឹក​របស់​ពលរដ្ឋ​ចំនួន ៧៣​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា បញ្ហា​ដែល​កើត​មាន​លើ​ពលរដ្ឋ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​មាន​ច្រើន​អនេក ដូចជា​បញ្ហា​អំពើពុករលួយ បញ្ហា​បាត់បង់​ព្រៃឈើ បញ្ហា​អយុត្តិធម៌​សង្គម បញ្ហា​ដីធ្លី និង​បញ្ហា​នៃ​ការ​រឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ ជាដើម សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​ជូន​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នៅ​ពេលនេះ។

លោក​លើកឡើង​ថា ការ​អះអាង​របស់​លោក គង់ សោភ័ណ្ឌ ដែល​បញ្ជាក់​ថា លោក​ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​រាយការណ៍​កុហក​រហូត​មក​បែប​នេះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ទន់ខ្សោយ​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​ការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​ពលរដ្ឋ​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ពី​មន្ត្រី​ខិលខូច​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ គឺ​បាន​កើតមាន​ស្ទើរតែ​ពេញ​ប្រទេស​ទៅ​ហើយ។ ដោយឡែក​ការ​ព្រមាន​ដក​តំណែង​នេះ បើ​ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ពលរដ្ឋ​មែន​នោះ វា​ជា​រឿង​គួរ​ឱ្យ​អបអរ​សាទរ ប៉ុន្តែ​បើ​គ្រាន់តែ​ធ្វើ​ឱ្យ​តែ​ល្អ​មើល នោះ​ពលរដ្ឋ​នៅតែ​ស្ថិត​ជា​ជនរងគ្រោះ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ​ដដែល។

កាលពី​ខែ​មករា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចេញ​របាយការណ៍​ស្ដី​ពី​សន្ទស្សន៍​អំពើពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១ ថា កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០ ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ ដែល​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន៕

https://www.cambodiadaily.com/2022/08/02/18/54/63821/?feed_id=606

--

--

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ថា សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់​ដែល​បាន​ជាប់​ជា​មេឃុំ ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ។

លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ
លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ថា សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់​ដែល​បាន​ជាប់​ជា​មេឃុំ ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ។

លោក ស ខេង អះអាង​ថា ដោយសារ​ការ​ខិតខំ​របស់​បក្ស​កាន់​អំណាច ទើប​ខ្លួន​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កន្លងទៅ​នេះ ដោយ​បាន​កាន់កាប់​មុខតំណែង​មេឃុំ ចៅសង្កាត់​ស្ទើរ​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ដូច​ដែល​លទ្ធផល​បាន​បង្ហាញ​មក​នេះ។

អនុប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ គឺជា​មូលដ្ឋាន​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន​បន្ត​ដណ្តើម​ជោគជ័យ​ថែម​ទៀត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​លើក​ទី​៧ ក្នុង​ឆ្នាំ​២០២៣ នា​ពេល​ខាងមុខ​នេះ។

សមាជិក​ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១ សីហា នេះ​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បាន​តាម​ការ​ណែនាំ​របស់​លោក ស ខេង នោះ​ប្រាកដ​ជា​ទទួល​បាន​ការ​សាទរ និង​គាំទ្រ​ពី​ពលរដ្ឋ​ជាមិនខាន​ឡើយ ហើយ​ក៏​នឹង​មិន​ទទួល​រង​នូវ​ការ​រិះគន់​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដូច​ពេល​កន្លងមក​នោះ​ដែរ។

លោក​លើកឡើង​ថា ការ​ដែល​លោក ស ខេង លើកឡើង​ពី​ចំណុច​អវិជ្ជមាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ត្រង់ៗ​បែប​នេះ អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា គាត់​បាន​មើល​ឃើញ​ពី​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​នៃ​មន្ត្រី​របស់​ខ្លួន​យ៉ាង​ពិតប្រាកដ។ លោក ស ខេង ក៏​អាច​មើល​ឃើញ​ផង​ដែរ​ថា គណបក្ស​កាន់​អំណាច​ពិបាក​នៅ​ក្នុង​ការ​អប់រំ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​មន្ត្រី​ល្អ​ខ្លាំង​ណាស់ ដើម្បី​អនុវត្ត​គោល​នយោបាយ និង​ច្បាប់​របស់​ប្រទេស​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ពលរដ្ឋ។

សមាជិក​ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការងារ មេដឹកនាំ​បក្ស​កាន់​អំណាច​ត្រូវតែ​ហ៊ាន​ធ្វើការ​វះកាត់​មន្ត្រី​ដែល​បំពាន​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ដាច់ខាត។ ជាង​នេះ​ទៀត ត្រូវ​រៀបចំ​មន្ត្រី​ស្អាតស្អំ​ឱ្យ​ទទួល​ខុសត្រូវ​លើ​ការងារ​ទាំងនោះ​វិញ បើ​មិន​ធ្វើ​ដូច្នេះ​ទេ ការ​ណែនាំ​របស់​មន្ត្រី​កំពូល​បក្ស​កាន់​អំណាច​ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ដូច​ដែល​លោក ស ខេង លើក​ឡើង​នៅ​ពេលនេះ គឺ​បាន​ត្រឹមតែ​និយាយ​ឱ្យ​ពីរោះ​ស្តាប់​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ​ថា គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​សរុប ៩៣៧៦​អាសនៈ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​គណបក្ស​នេះ​ទទួល​បាន​មេឃុំ និង​ចៅសង្កាត់​ដល់​ទៅ ១៦៤៨​នាក់​ឯណោះ។

យ៉ាងណាក៏ដោយ មេឃុំ​ចៅសង្កាត់​ដែល​បក្ស​កាន់​អំណាច​ទទួល​បាន​នេះ ត្រូវ​រង​នូវ​ការ​រិះគន់​ថា ជា​ការ​មេឃុំ និង​ចៅសង្កាត់​ដែល​មិន​ស្រប​ច្បាប់ ព្រោះ​ថា​ពួកគេ​បាន​កើត​ឡើង​ដោយសារ​ការ​បោះឆ្នោត​មួយ​ដែល​បក្ស​កាន់​អំណាច​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ៕

https://www.cambodiadaily.com/2022/08/02/18/44/63819/?feed_id=604

--

--